ស្រ្តីអ្នកអប់រំជនជាតិអាមេរិចដ៏ល្បីឈ្មោះ ហេឡេន ឃែលឺ (Helen Keller) ជាស្រ្តីពិការភ្នែក និងថ្លង់ ទី១លើលោកដែលបានបញ្ចប់បរិញ្ញាប័ត្រផ្នែក វិចិត្រសិល្បៈ។ លោកស្រីបានក្លាយជាមនុស្សម្នាក់ក្នុង ចំណោមមនុស្សដែលសាធារណៈទទួលស្គាល់ថា អ្នកដែលមានមនុស្សធម៌ និងតស៊ូ បំផុតក្នុងសតវត្សរ៍ទី ២០ និងជាសហស្ថាបនិកនៃ សហភាពសេរីភាពស៊ីវិលអាមេរិកកាំង ACLU ។ លោកស្រី ហេឡេន បានទទួលមរណភាពនៅក្នុងបន្ទប់គេងរបស់គាត់នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ១៩៦៨ គឺតែប៉ុន្មានសប្តាហ៍ប៉ុន្នោះមុនថ្ងៃកំណើត គម្រប់៨៨ឆ្នាំ របស់គាត់។ លោកស្រី ហេឡេន គឺជានិមិត្តរូប ស្រ្តីដ៏អង់អាចក្លាហានជំនះនូវគ្រប់ឧបសគ្គ ស្ថានភាពលំបាក, និងជាសកម្មជនសន្តិភាពដែលត្រូវបានគេគោរពទូទាំងពិភពលោក ដែលលោកស្រីលះបង់មួយឆាកជីវិតលោកស្រី ធ្វើការដើម្បីភាពល្អប្រសើររបស់អ្នកដទៃ។ ខាងក្រោមនេះគឺជាមេរៀនជីវិតទាំង៥ ដែលខ្ញុំរៀនពីលោកស្រី ហេឡេន៖

helen keller with anne sullivan in july 1888 - TSD Software Development in Cambodia
មេរៀនជីវិត ទី១៖ “អ្វីដែលល្អបំផុត និងស្រស់បំព្រងបំផុតនៅលើពិភពលោក មិនអាចត្រូវបានគេមើលឃើញ ឬប៉ះនោះទេ។ ពួកគេត្រូវតែប្រើអារម្មណ៍នៅក្នុងបេះដូង ដើម្បីយល់វា។”

នៅពេល លោកស្រី ហេឡេន ទើបតែមានអាយុ ៩ខែនាង បានវិវត្តកើតជាជំងឺមួយដែលបណ្តាលអោយពិការភ្នែកនិងថ្លង់។ នៅពេល លោកស្រីហេលែន បានធំឡើង គ្រួសាររបស់នាងកាន់តែមានអារម្មណ៍តានតឹងដោយសារ អសមត្ថភាពក្នុងការទំនាក់ទំនងរបស់នាង។ នាងបានរៀនស្គាល់សមាជិកគ្រួសាររបស់នាងដោយការប៉ះលើផ្ទៃមុខ សម្លៀកបំពាក់ ឬដោយស្គាល់ក្លិនទឹកអប់របស់ពួកគេ។ ដោយមិនដឹងថាត្រូវធ្វើយ៉ាងដូចម្តេច ឪពុកម្តាយរបស់ ហេឡេន បានពិគ្រោះជាមួយ Alexander Graham Bell ដែលជាអ្នកធ្វើការជាមួយមនុស្សថ្លង់ គាត់បានស្នើឱ្យពួកគេជួលនារីវ័យក្មេងម្នាក់ឈ្មោះ អែន សុលីវែន (Anne Sullivan) ធ្វើជាគ្រូបង្រៀន និងជាអ្នកណែនាំរបស់ហេឡេន។ ដែលការសម្រេចចិត្តនេះបានផ្លាស់ប្តូរជីវិតរបស់ហេឡេនជារៀងរហូត។

មេរៀនជីវិត ទី២៖ “ចរិតមិនអាចអភិវឌ្ឍក្នុងភាពងាយស្រួល និងស្ងប់ស្ងាត់នោះទេ។ មានតែតាមរយៈបទពិសោធន៍នៃការសាកល្បង និងភាពមុះមុតមិនចុះចាញ់ប៉ុណ្ណោះ ទើបអ្នកអាចពង្រឹងមហិច្ឆតាដើម្បីក្តីសុបិន្តអ្នកបាន។”

បន្ទាប់ពីបានក្លាយជាមិត្តដ៏ជិតស្និត, អែន បានចាប់ផ្តើមបង្រៀនអក្ខរក្រមដោយប្រើម្រាមដៃ សរសេរអក្សរភាសា ទៅលើបាតដៃរបស់ហេឡេន។ អ្វីដែលពិបាកបំផុតគឺបង្រៀន ហេឡេន ឲ្យយល់ពីអត្ថន័យនៃពាក្យនីមួយៗ។ នៅពេលនោះ ហេឡេន បានយល់ពីពាក្យមួយដែលតំណាងឱ្យគំនិត ឬវត្ថុ។ មិនយូរប៉ុន្មានហេឡេនចាប់ផ្តើមស្គាល់បន្សំអក្សរ ហើយនេះបានបង្កជា ដុំងងើបភ្លើងក្នុងចិត្តរបស់នាង ដែលជំរុញទឹកចិត្តនាងមិនឲ្យលះបង់។ ចាប់ពីពេលនោះមក អែន បានជួយហេឡេន អភិវឌ្ឍសមត្ថភាពក្នុងការសិក្សាឥតឈប់ឈរ។ ដោយក្ដីស្រឡាញ់របស់នាងទៅលើការរៀនសូត្រហេឡេនចាប់ផ្តើមមានបំណងប្រាថ្នាចង់ចូលរៀននៅមហាវិទ្យាល័យ។ ទោះបីជានាងបានឆ្លងកាត់ការសាកល្បង និងការលំបាកជាច្រើនក៏ដោយ ក៏នាងមិនអនុញ្ញាតិឱ្យមានបញ្ហាកាយសប្បទារបស់នាង ឲ្យនាងចុះចាញ់ពីការសុបិនដ៏ធំនោះដែរ។

មេរៀនជីវិត ទី៣៖ “វាជារឿងដ៏អាក្រក់បំផុត ប្រសិនបើអ្នកមានភ្នែកមើលឃើញ តែគ្មានចក្ខុវិស័យ។”

ប្រសិនបើនរណាម្នាក់និយាយអំពីសារៈសំខាន់នៃការមានចក្ខុវិស័យសម្រាប់ជីវិត ពួកគេតែងនឹកឃើញ លោកស្រី ហេឡេន។ ស្នាដៃមួយក្នុងចំណោមសមិទ្ធិផលជាច្រើនរបស់គាត់រួមមាន លោកស្រីជាមនុស្សថ្លង់ និងពិការភ្នែកដំបូងគេដែលទទួលបានបរិញ្ញាបត្រវិចត្រសិល្បៈ។ ហេឡេនមិនដែលមើលឃើញគុណវិប្បត្តិជីវិតរបស់នាង ដែលបង្កើតជាលេសដើម្បី ឈប់បន្តក្តីសុបិន្តរបស់នាងឡើយ។ មនុស្សជាច្រើនឆ្លងកាត់ជីវិតរបស់ពួកគេជាមួយនឹងចក្ខុវិស័យដ៏ល្អឥតខ្ចោះ ប៉ុន្តែគ្មានចក្ខុវិស័យច្បាស់លាស់ណាមួយ និងគោលដៅណាមួយពិតប្រាកដនោះឡើយ។ សម្រាប់ ហេឡេន នាងមិនបានអនុញ្ញាត ឱ្យភាពពិការរបស់នាង ជារណាំងរារាំង មិនឱ្យនាងមានក្តីសុបិន្តធំនោះទេ។ មនុស្សភាគច្រើនបានយល់ថា ពិការភាពរបស់ហេឡេន ជួយនាងឲ្យផ្តោតតែលើការរស់រានមានជីវិត តែផ្ទុយពីនោះ សម្រាប់ហេឡេនវិញ គឺផ្តោតលើការរីកចម្រើនផ្នែកបញ្ញារបស់នាង។

មេរៀនជីវិត ទី៤៖ “ជំនឿចិត្តគឺជាកម្លាំង ដែលបង្កើតចេញជាពន្លឺ បំភ្លឺផ្លូវអ្នក”

ហេឡេនបានដឹងយ៉ាងច្បាស់ថាបើគ្មានជំនឿចិត្ត នាងនឹងមិនមានកម្លាំងដើម្បីជំនះការលំបាករបស់នាងឡើយ។ នាងបានរៀនទប់ទល់នឹងការសាកល្បងទាំងធំទាំងតូច ហើយរៀនពីសារៈសំខាន់នៃការទន្ទឹងរង់ចាំអនាគតដោយជំនឿមុះមុត និងសុទិដ្ឋិនិយម។ នាងបានទទួលស្គាល់ថាបើគ្មានជំនឿចិត្ត នាងនឹងមិនអាចក្លាយជាមនុស្សដែលសម្រេចបានដូច ក្តីស្រមៃនាងឡើយ។ ដូចគ្នានេះដែរប្រសិនបើហេឡេន មិនមានជំនឿលើខ្លួនឯងដែលជំរុញឱ្យនាងជឿជាក់លើ ក្តីសុបិន្តរបស់នាងនោះទេ នោះនាងនឹងនៅតែបន្តរស់នៅក្នុងភាពងងឹតអន្ធការ។ នាងឧស្សាហ៍ព្យាយាមចែកចាយជំនឿចិត្តនេះដល់ពិភពលោក ពីព្រោះនាងចង់អោយអ្នកដទៃដើរតាមពន្លឺដែលនាងបានដើរក្នុងជីវិតរបស់នាង។

មេរៀនជីវិត ទី៥៖ “អ្វីដែលខ្ញុំកំពុងរក គឺមិននៅទីនោះទេ គឺនៅក្នុងខ្លួនខ្ញុំ”

មនុស្សជាច្រើនចំណាយពេល ស្ទើរពេញមួយជីវិតរបស់ពួកគេដើម្បីដេញតាម “ឱកាស” ដោយគិតថាអ្វីមួយនឹងកើតឡើង ឬមាននរណាម្នាក់ នឹងធ្វើឱ្យពួកគេសម្រេចក្តីស្រមៃបាន។ ហេឡេនបានទទួលស្គាល់តាំងពីដំបូងថាសុភមង្គលមិនត្រូវបានរកឃើញទេ ប៉ុន្តែវាត្រូវបានយើងបង្កើតឡើង។ សុភមង្គល និងសេចក្តីសុខក្នុងចិត្ត គឺជាគុណតម្លៃដែលនាងបានទទួលជ័យជម្នះ ពីខាងក្នុងចិត្តរបស់នាង មិនមែនជាអ្វីដែលនាង នឹងរកឃើញដោយចៃដន់នៅថ្ងៃណាមួយនោះទេ។

4389 - TSD Software Development in Cambodia

ហេឡេន នាងបានក្លាយជាអ្នកនិពន្ធសៀវភៅ ជាគ្រូបង្រៀន ជាវាគ្មិន និងជាសកម្មជនម្នាក់ដែលមានស្មារតីប្តេជ្ញាចិត្ត ដែលបានបម្រើការជាអ្នកតស៊ូមតិសម្រាប់ជនពិការ ជាច្រើនជំនាន់។ ហេឡេនបានទទួលជ័យជំនះលើភាពលំបាកហើយបានលះបង់ជីវិតរបស់នាងដើម្បីជួយអ្នកដទៃ។ ការលះបង់ដ៏មហិមារស្ទើរពេញមួយឆាកជីវិតរបស់នាង បានក្លាយជាកេរ្តិ៍ដំណែល មនុស្សជាតិដ៏អស្ចារ្យដែលគេមិនអាចបំភ្លេចចោលបាន។

ដោយក្តីគោរពអំពីខ្ញុំ,

ស៊ុន ស៊ីហម៉ានិត

Technology Solution Development TSD Co., Ltd
Technology Solution Development (TSD) Co., Ltd. is a premier Cambodian tech leader with over a decade of excellence in digital transformation. Since 2013, we have delivered thousands of successful projects across all 25 provinces, partnering with prestigious organizations like the European Union, Heineken, and the Ministry of Agriculture. We specialize in end-to-end innovation—from custom mobile apps and e-commerce platforms to robust enterprise systems like ERP, CRM, and Hospital Management. At TSD, we don’t just deploy software; we guarantee long-term success through our signature lifetime support policy, ensuring our clients remain at the cutting edge of technology with unwavering integrity and world-class expertise.
Get Inspired

view related content

Check out our official social medias