វិស័យបច្ចេកវិទ្យាកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវជនជំនាន់ក្រោយ ដោយសារតែនិន្នាការរកស៊ី​លើផ្នែកបច្ចេកវិទ្យា​កំពុង​តែផុស​ផុល​ខ្លាំង​ជុំវិញពិភពលោក។

ហេតុដូច្នេះហើយ អាជីវកម្មបង្កើត​ថ្មី​លើផ្នែកបច្ចេកវិទ្យា​ជាច្រើន​ចាប់ផ្ដើមកើតមានឡើង ប៉ុន្តែស្របពេល​ ក៏មានអាជីវកម្មខ្លះ​កើត​ឡើង​មួយភ្លែត​ ក៏ត្រូវ​បិទទ្វារទៅវិញ។

ជាមួយគ្នានេះដែរ នៅក្នុង​បទសម្ភាសន៍មួយរវាងក្រុមការងារ Business Cambodia ជាមួយនឹង លោក ស៊ុន ស៊ីហម៉ានិត​ ដែលជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Technology Solution Development ហៅកាត់​ថា TSD បានលើកឡើងពីលក្ខណៈចំនួន៤ ដែលយុវជនគួរ​ត្រៀម​មុននឹង​ចេញរកស៊ីលើផ្នែកបច្ចេកវិទ្យា​នេះ ហើយលក្ខណៈទាំងនោះប្រៀបបានទៅនឹង​យ័ន្ត​ ដើម្បីការពារ​អាជីវកម្មកុំឱ្យ​ដួល ក៏ដូចជាកសាងគ្រឹះអាជីវកម្មឱ្យរឹង​មាំផងដែរនោះ។

សម្រាប់យ័ន្តទីមួយ បើតាមសហគ្រិន​វ័យក្មេង​រូបនេះគឺជាគំនិត​ដែលប្រកបទៅដោយភាពច្នៃបង្កើត​ថ្មី (Innovative Ideas) ដែលជាគំនិត​ថ្មី ដោះស្រាយបញ្ហា​ដល់មនុស្ស​ និង​មិនមាន ឬមិនសូវមាន​ គេរកស៊ីនៅឡើយ ព្រោះថា​បើយើង​មកថ្មីហើយ ព្យាយាមទៅចូល​ទីផ្សារ​ដែលកំពុង​តែចង្អៀត​ខ្លាំងទៀត ក៏ពិបាកនឹង​ទៅប្រកួតជាមួយគេ​ដែលសុទ្ធតែជាជើងចាស់ដែរ។

ចំពោះយ័ន្តទីពីរវិញ លោក ស៊ីហម៉ានិត លើកឡើងអំពីរការ​ចេះជ្រើសរើស​អ្នកមានសមត្ថភាពទេពកោសល្យ​ ឱ្យមកចូលរួមធ្វើជាមួយ ព្រោះថា​អាជីវកម្មមួយជោគជ័យ​មិនមែនដោយសារតែមនុស្សម្នាក់នោះទេ ដោយទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែកដែលពាក់ព័ន្ធ​ទាំងអស់ ទើបទទួលបានជោគជ័យប្រកបដោយអត្ថន័យ។ មួយវិញទៀត​ក្នុងចំណុចនេះដែរក៏មានទាក់ទងនឹង ការរាប់អានមិត្តភក្តិផងដែរ ដោយគួរតែរាប់អានមិត្តភក្តិដែលមានជំនាញផ្សេងៗគ្នា​ ព្រោះថាមនុស្ស​ម្នាក់មិនអាច​ធ្វើអ្វីទាំងអស់ដោយខ្លួនបាននោះទេ។

រីឯយ័ន្ត​ទីបីវិញ សហគ្រិន​មានបទពិសោធន៍រកស៊ីមិនក្រោម ៥ឆ្នាំរូបនេះ​បង្ហើបថាជា យុទ្ធសាស្ត្រ​ និង​របៀបក្នុងការ​ធ្វើ ដោយលោកបានសង្កត់ធ្ងន់ថា​ យុទ្ធសាស្ត្រ​សំខាន់ខ្លាំង​សម្រាប់អាជីវកម្មលើផ្នែកបច្ចេកវិទ្យា​ព្រោះការចេញរកស៊ីមែនទែនទៅ មិនមែនចេះតែ​ចេញៗនោះទេ ព្រោះបើគ្មានយុទ្ធសាស្ត្រ​និង​របៀបក្នុងការ​ធ្វើច្បាស់លាស់​ ងាយនឹង​ជួបបរាជ័យ។

ចំណែកយ័ន្ត​ចុងក្រោយវិញ គឺជាដើមទុន។ និយាយពីពាក្យដើមទុន មនុស្ស​ភាគច្រើនអាចនឹង​សម្ដៅទៅលើលុយ ប៉ុន្តែសម្រាប់ លោក ស៊ីហម៉ានិតវិញ បើទោះជាគ្មានលុយ​ក៏ធ្វើបានដែរ អ្វីដែលសំខាន់បំផុត​នោះគឺសមត្ថភាពរបស់​ស្ថាបនិក ឬម្ចាស់អាជីវកម្មទៅវិញទេ បើខ្លួនឯង​ខ្លាំង​ គ្រាន់តែលើកគំនិត​ប្រាប់ទៅគេ នឹង​ទទួលបានដើមទុនបាត់ទៅហើយ។

បន្ថែមពី​នេះផងដែរ លោក ស៊ីហម៉ានិតក៏បានក្រើនរំឮកដល់សិស្សនិស្សិត​ដែលកំពុង​សិក្សារ​លើផ្នែកបច្ចេកវិទ្យា​ជាពិសេស​ផ្នែក IT ផងដែរ កុំឱ្យសូវចូលចិត្ត​រអ៊ូរច្រើនពេក យកលេសនេះលេសនោះចេញរកស៊ីមិនកើត ហើយសម្រាប់លោកផងដែរក៏ជឿរជាក់យ៉ាងមុត​មាំថា គ្រប់បញ្ហា​ទាំងអស់សុទ្ធតែមានឱកាស​នៅក្នុងនោះ អ្វីដែលសំខាន់យើង​ត្រូវ​ចេះចាប់ឱកាស​ឱ្យបានច្រើន រៀនពីគេ ដោយមិនខ្លាច​ការបរាជ័យ។

ប្រភព៖ https://www.business-cambodia.com/article/founder-of-tsd-sun-sihamanith-on-those-who-want-to-build-startup

Technology Solution Development TSD Co., Ltd
Technology Solution Development (TSD) Co., Ltd. is a premier Cambodian tech leader with over a decade of excellence in digital transformation. Since 2013, we have delivered thousands of successful projects across all 25 provinces, partnering with prestigious organizations like the European Union, Heineken, and the Ministry of Agriculture. We specialize in end-to-end innovation—from custom mobile apps and e-commerce platforms to robust enterprise systems like ERP, CRM, and Hospital Management. At TSD, we don’t just deploy software; we guarantee long-term success through our signature lifetime support policy, ensuring our clients remain at the cutting edge of technology with unwavering integrity and world-class expertise.
Get Inspired

view related content

Check out our official social medias