តើអ្វីជាគោលដៅជីវិតរបស់ខ្ញុំ? នេះជាសំនួរដែលខ្ញុំសួរខ្លួនឯង និងឆ្លើយខ្លួនឯងជារៀងរាល់ព្រឹក ពេលខ្ញុំភ្ញាក់ពីគេង។ ព្រោះវាធ្វើអោយខ្ញុំកាន់តែដឹងច្បាស់នូវហេតុផលសកម្មភាពដែលខ្ញុំកំពុងធ្វើ និងនឹងត្រូវធ្វើជារៀងរាល់ថ្ងៃ។​​ ហេតុផលដែលធ្វើអោយខ្ញុំកាន់ជឿជាក់យ៉ាងច្បាស់ថាក្តីស្រមៃរបស់ខ្ញុំនឹងក្លាយជាការពិត។ ខ្ញុំនឹងអាចប្រើប្រាស់ពេលវេលាបច្ចុប្បន្នរបស់ខ្ញុំមានប្រសិទ្ធភាពជាងមុន នៅពេលដែលខ្ញុំបានស្គាល់នូវគោលដៅខ្លួនឯងច្បាស់។ នៅចុងក្រោយបង្អស់នៃអត្ថបទនេះ ខ្ញុំនឹងប្រាប់មិត្តអ្នកអានថា តើពាក្យ “គោលដៅជីវិត” សម្រាប់ខ្ញុំវាមានអត្ថន័យយ៉ាងដូចម្តេច?

មុននឹងខ្ញុំ ប្រាប់ទៅមិត្តអ្នកអានទាំងអស់ ខ្ញុំសូមជូនជាយុទ្ធសាស្ត្រក្នុងការរៀបគោលដៅជីវិតដែលខ្ញុំបានដកស្រង់ពីសៀវភៅដ៏ល្បីមួយគឺ “ទំលាប់ដ៏មានប្រសិទ្ធិភាពទាំង 7 របស់មនុស្សជោគជ័យ” និពន្ធដោយស្ទីវហ្វិន ខូវ៉េយ (The 7 Habits of Effective People -by Stephen Covey) ដើម្បីមិត្តអ្នកអានក៏អាចស្វែងរកនូវអត្ថន័យ នៃពាក្យមួយនេះសម្រាប់ខ្លួនឯងដែរ។

អ្នកអាចឆ្លើយបានទេថា៖ តើអ្នកគួរធ្វើអ្វី ក្នុងពេលនេះ? ក្នុងថ្ងៃនេះ? គោលដៅជីវិតអ្នកចង់ក្លាយជាអ្វី? អ្នកបានកំណត់ទិសហើយឬនៅ សម្រាប់គោលដៅរយៈពេលវែង? តើអ្នកចាប់ផ្តើមបង្រួមគោលដៅរយៈពេលវែងនោះឲ្យក្លាយជា សកម្មភាពប្រចាំឆ្នាំ ប្រចាំខែ ប្រចាំអាទិត្យ និងប្រចាំថ្ងៃហើយឬនៅ?​ បើចម្លើយថា “ទេ…!” នេះជាការបកស្រាយសាមញ្ញៗ អំពីជំហានទាំងបី ដើម្បីឲ្យអ្នកស្វែងរកអត្ថន័យគោលដៅជីវិតរបស់អ្នក។

ជំហានទី ១៖ ស្វែងរកចំណងចំណូលចិត្ត

ការកំណត់គោលដៅដែលជាចំណងចំណូលចិត្ត គឺមិនមែនគោលដៅដែលជាលុយ, ឡានទំនើប, ផ្ទះធំ, មុខមាត់ ឬយសសក្តិនោះទេ។ គោលដៅជីវិតដែលជាចំណងចំណូលចិត្តរបស់អ្នកគឺជាអ្វីដែលអ្នកចង់បានបំផុតក្នុងមួយឆាកជីវិត ហើយដែលវាជា ដុំងងើបភ្លើង ដុតបញ្ឆេះបង្កើតជាថាមពល ចេញពីក្នុងខ្លួនរបស់អ្នកដើម្បីបង្កើតចេញជាសកម្មភាពជាប្រចាំថ្ងៃរបស់អ្នកនេះឯង។ ខ្ញុំជឿជាក់ថាអ្នកក៏ធ្លាប់សង្កេតឃើញដូចខ្ញុំដែរ ចំពោះអ្នកដែលគ្មានគោលដៅ ភាគច្រើនអ្នកអាចសង្កេតបានតាមរយៈ ពួកគាត់ភាគច្រើនគ្មានសកម្មភាពច្រើនជាប្រចាំថ្ងៃនោះទេ, ពួកគាត់គេងច្រើន, ឧស្សាហ៍ជួបជុំផឹកស៊ីជាមួយមិត្តភក្តិ, ហើយមិនខ្វាវខ្វល់ធ្វើការអ្វីទាំងអស់។ ព្រោះពួកគាត់គ្មានងងើបភ្លើងដែលដុតបញ្ឆេះចេញជាថាមពលបង្កើតសកម្មភាពប្រចាំថ្ងៃនោះឯង។

ជំហានទី ២៖ រៀបចំបេសកកម្មជីវិត

មាន​មនុស្ស​មិនតិច​ទេ ដែលមាន​ក្តី​ស្រមៃ​ជាច្រើន​ថា ខ្លួន​ចង់​សម្រេចបាន​នេះ ចង់​សម្រេចបាន​នោះ តែ​ក្តី​ស្រមៃ ឬអ្វី​ដែល​ពួកគេ​ចង់​សម្រេចបាន​នៅក្នុង​ជីវិត​នោះ តែភាគច្រើននៃក្តីស្រមៃនោះ ឬស្ទើរតែទាំងអស់គឺ​គ្មានមួយណា​ទទួលបាន​ជោគជ័យ​ឡើយ ពីព្រោះ​ពួកគេ​មិនបាន​កំណត់​គោលដៅ​មួយណា​ឲ្យ​បានជា​ក់លាក់ មិនបាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ឬរបៀបធ្វើសកម្មភាពគោលដៅនោះឲ្យមានប្រសិទ្ធភាពឡើយ។ ការកំណត់បេសកកម្មជីវិតរបស់អ្នក វាដើរតួនាទីជាផែនទី និងត្រីវិស័យចង្អុលទិសអ្នក គ្រប់ពេលអ្នកត្រូវសំរេចចិត្ត ធ្វើសកម្មភាពអ្វីមួយក្នុងជីវិត។

ជំហានទី ៣៖ កំណត់អាទិភាពសកម្មភាព

ការឲ្យអាទិភាពទៅលើសកម្មភាព និងការងារណាដែលត្រូវជាមួយចំណងចំណូលចិត្ត និងគោលដៅដែលអ្នកចង់បាន គឺជាការសំខាន់។ ព្រោះបើអ្នកដើម្បី​រៀបចំ​ផែនការ​បានល្អ អ្នក​ត្រូវ​គិតថា​សកម្មភាព​ណា​គួរ​ធ្វើ​មុន​ និងសកម្មភាពណាគួរធ្វើ​ក្រោយ ហើយ​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​រយៈពេល១ឆ្នាំ​អាច​សម្រេចបាន​អ្វីខ្លះ? រយៈពេល២ឆ្នាំ និង៣ឆ្នាំ​ទៀត អាច​សម្រេចបាន​អ្វីខ្លះ​ទៀត? ការធ្វើសកម្មភាពច្របូកច្របល់ ឬមិនមាន​កំណត់ អាទិភាព និងកាលបរិច្ឆេទច្បាស់លាស់ វាជាមូលហេតុធ្វើឲ្យអ្នកមិនអាចសម្រេចលទ្ធផលអ្វីបានជាដុំកំភួនឡើយ។ ផ្ទុយ​មកវិញ មនុស្ស​ដែល​បានរៀបចំ​ផែនការ​សកម្មភាព​ប្រចាំថ្ងៃ ចេះកំណត់អាទិភាពសកម្មភាពទាំងនោះ មាន​គោលជំហរច្បាស់លាស់​លើ​ខ្លួនឯង​ គឺជា​មនុស្ស​ដែល​ឆាប់​ទទួលបានលទ្ធផលជោគជ័យ​នៅក្នុង​ជីវិត​។

លោកស្រី Helen Keller ជាអ្នកសរសេរសៀវភៅ​ និងជាជនពិការភ្នែក និងថ្លង់ទីមួយដែលបញ្ចប់បរិញ្ញាបត្រផ្នែកវិចិត្រសិល្បៈដំបូងគេលើពិភពលោកនិយាយថា៖

“រឿងដែលអាក្រក់បំផុតជាងខ្វាក់និងថ្លង់ទៀតនោះគឺ អ្នកមានភ្នែកអាចមើលឃើញតែគ្មានចក្ខុវិស័យ។”

សម្រាប់ខ្ញុំ ពាក្យថា “គោលដៅជីវិត”

គឺជាដុំងងើបភ្លើងដ៏សែនក្តៅ ដែលដុតបញ្ឆេះបង្កើតជាថាមពលក្នុងខ្លួនរបស់ខ្ញុំ ឲ្យខ្ញុំធ្វើសកម្មភាព ជាប្រចាំថ្ងៃ មិនខ្លាចភាពហត់នឿយ។ ដែលដុំងងើបភ្លើងនោះវាជំរុញទឹកចិត្តខ្ញុំ ឲ្យក្រោកឈរបន្តជំនះគ្រប់ឧបសគ្គទោះបីខ្ញុំជួបនូវភាពបរាជ័យក៏ដោយ។ គោលដៅជីវិតនោះ វាគឺជាហេតុផលគ្រប់យ៉ាងដែលធ្វើឲ្យខ្ញុំ ឆ្លើយនឹងសំនួរគ្រប់យ៉ាង រាល់ពេលខ្ញុំចាប់ផ្តើមធ្វើសកម្មភាពដើម្បីសម្រេចនូវគោលដៅនោះ។ វាជាអ្នកប្រឆាំងដាច់អហំការ រាល់សកម្មភាពទាំងឡាយណាដែលគ្មានប្រយោជន៏ គ្មានលទ្ធផលជាវិជ្ជមានដល់ការសម្រេចគោលដៅរបស់ខ្ញុំ។ វាជាអ្នកដាស់តឿនដល់ខ្ញុំគ្រប់ពេលដែលខ្ញុំបរាជ័យថា “ការខិតខំប្រឹងប្រែងមិនអាចធានានូវភាពជោគជ័យបាននោះទេ។ តែភាពខ្ចិលច្រអូសគឺធានាបាននូវភាពបរាជ័យ ១០០%។”

ចុះអ្នកវិញ? តើគោលដៅជីវិតអ្នក មានអត្ថន័យយ៉ាងដូចម្តេចសម្រាប់អ្នក?

ដោយក្តីគោរពរាប់អានពីខ្ញុំ,

ស៊ិន ស៊ីហម៉ានិត

Technology Solution Development TSD Co., Ltd
Technology Solution Development (TSD) Co., Ltd. is a premier Cambodian tech leader with over a decade of excellence in digital transformation. Since 2013, we have delivered thousands of successful projects across all 25 provinces, partnering with prestigious organizations like the European Union, Heineken, and the Ministry of Agriculture. We specialize in end-to-end innovation—from custom mobile apps and e-commerce platforms to robust enterprise systems like ERP, CRM, and Hospital Management. At TSD, we don’t just deploy software; we guarantee long-term success through our signature lifetime support policy, ensuring our clients remain at the cutting edge of technology with unwavering integrity and world-class expertise.
Get Inspired

view related content

Check out our official social medias